Archive for 20 ខែ​ឧសភា 2009

ហេតុអ្វីចាំបាច់ថតរូបចុះកាសែតគ្រាន់តែរឿងប៉ុណ្ណឹង?

ថ្ងៃនេះ គ្រូសូត្រឆ្វេងបានអានកាសែតកោះសន្តិភាព។ មានអត្ថបទមួយក្រោមចំណងជើងថា

គូសេហ្ន៍ធុនស្ទាវអោបថើបបឺតមាត់ទាំងថ្ងៃ ប៉ូលីសព័ទ្ធចាប់យកមកអប់រំ បានធ្វើអោយ

គ្រូសូត្រឆ្វេងទើសចិត្តមែនទែន។ នៅក្នុងអត្ថបទនោះ អ្នកកាសែតបានលួចថតរូបយុវជន និង

យុវនារីចំនួនប្រាំនាក់ ដែលកំពុងថើបគ្នានៅលើសួនច្បារមុខរតនាគារខេត្តបាត់ដំបង។ លើស

ពីនេះ អ្នកកាសែតនោះបានទាំងបង្ហាញឈ្មោះ អាស័យដ្ឋាន និងសាលារៀនរបស់កេ្មងៗទាំង

នោះទៀត។​ គ្រូសូត្រចេះតែសួរខ្លួនឯងថា អ្នកកាសែតម្ចាស់អត្ថបទនោះមានសីលធម៌ដែរឬទេ

បានជាហ៊ានផ្តន្ទាទោសបង្ហាញអត្តសញ្ញាណកេ្មងៗទាំងនោះ គ្រាន់តែរឿងថើបគ្នាតាមទី

សាធារណៈ? ម៉្យាងទៀត ប៉ូលីសក៏ដូចជាហួសហេតុដែរ គ្រាន់តែរឿងបន្តិចបន្តួចបែបនេះ

ហេតុដូចម្តេចបានជាចាប់គ្នាបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង

ការពារអនិតិជនខេត្ត? ឥឡូវនេះ យើងឧបមាថាអ្វីដែលកេ្មងៗទាំងនេះកំពុងធ្វើប៉ះពាល់ដល់

ប្រពៃណីទៅចុះ ប៉ុន្តែ គ្រូសូត្រឆ្វេងសួរថា តើយើងអាចទប់ចរន្តនេះបានដែរឬទេ? អ្វីៗក៏មាន

ការប្រែប្រួល ដូចនេះសង្គមខែ្មរក្នុងសតវត្សទី ២១ នេះក៏ប្រែប្រួលដែរ។ តើដល់ពេលណាទើប

គេហ៊ានទទួលស្គាល់ការប្រែប្រួលនេះ?

Advertisements

លែងជាប់កម្មពៀរជាមួយ Prison Break ទៀតហើយ

កាលពីចុងសប្តាហ៍មុន គ្រូសូត្រឆ្វេងបានចំណាយពេលមើលរឿង Prison Break អោយចប់សព្វ

គ្រប់។រឿងភាគមួយនេះ គ្រូសូត្រឆ្វេងមើលបីឆ្នាំហើយ ឬយើងអាចនិយាយម៉្យាងទៀតថាគ្រូសូត្រ

ឆ្វេងជាប់កម្មពៀរជាមួយរឿងភាគនេះអស់រយៈពេលបីឆ្នាំហើយ។ កាលពីតំបូងឡើយមានពួកម៉ាក

បានណែនាំអោយមើល និងបា្រប់ថារឿងភាគទូរទស្សន៍មួយនេះល្បីណាស់នៅលើពិភពលោក។

អញ្ចឹងទៅគ្រូសូត្រឆ្វេងក៏សំរេចចិត្តថា មើលតែបីបួនភាគនៃរដូវកាលពីមួយប៉ុណ្ណោះ។ ប៉ុន្តែពីមួយ

ភាគទៅមួយភាគ រឿងនេះបានធ្វើអោយគ្រូសូត្រឆ្វេងជក់ចិត្តចង់តែមើលទៀត។ គ្រូសូត្រឆ្វេងក៏

ធ្លាក់ចូលអន្លង់នៃរឿងភាគនេះតែម្តងទៅ។ ដោយទ្រាំពុំបានក៏សំរេចចិត្តទៅប្រមូលទិញឌីវីឌីទាំង

អស់នៃរដូវកាលទីមួយនៅផ្សារទួលទំពូង។ ពេលរដូវកាលទីពីរចេញមកទៀតក៏ដើរទៅប្រមូលទិញ

ទៀត។ ចាប់ពីរដូវកាលទីបី និងទីបួន គ្រូសូត្រឆ្វេងមិនអាចទ្រាំចាំគេចេញឌីវីឌីបានក៏តាមដាននៅ

តាមអ៊ិនធ័រណេតវិញម្តង។ ជាធម្មតាគេចាក់រឿងនេះនៅស្ថានីយ៍ទូរទស្សន៍អាមេរិច FOX។ ហើយ

នៅថ្ងៃបន្ទាប់មានអ្នកគាំទ្ររឿងនេះ គេលួចដាក់អោយមើលតាមអ៊ិនធ័រណេតហើយ។ និយាយអោយ

ត្រង់ ពេលគេដាក់បញ្ចាំងរឿងហ្នឹង គ្រូសូត្រឆ្វេងពុំអាចទ្រាំបានទេ។ ទោះជារវល់យ៉ាងណាក៏ត្រូវតែ

មើលវាដែរ។ ពិតមែន ! រឿងភាគមួយនេះល្អមើលមែនទែន។ ឥឡូវនេះ ចប់កម្មពៀរហើយ ព្រោះរដូវ

កាលពីបួនបានចប់ទាំងស្រុង។ ហើយសាច់រឿងនេះក៏បានចប់ទាំងស្រុងដែរ។ បើញាតិញោមណាចង់

មើលរឿងនេះ គ្រូសូត្រឆ្វេងផ្តល់តំណសំរាប់មើលតាមអ៊ិនធ័រណេត។

តំណនេះ មានរឿង Prison Break ពីរដូវកាលពីមួយដល់រដូវកាលទីបួន។

-សង្ខេបសាច់រឿង សូមចុចមើលនៅ http://en.wikipedia.org/wiki/Prison_Break

រដូវកាលទីមួយ

២២​ ភាគ

រដូវកាលទីពីរ

២២​ ភាគ

រដូវកាលទីបី

១៣​ ភាគ

រដូវកាលទីបួន

២២​ ភាគ