តាមការសំណូមពររបស់អ្នកកំលោះសក់ស្ទីលអាហ្វ្រិក សុធាខែ្មរ១ជីវិត ដែលចង់
ស្តាប់បទចំរៀងបារាំង ថ្ងៃនេះ គ្រូសូត្រឆ្វេងសូមណែនាំអ្នកចំរៀងវ័យកេ្មងបារាំងម្នាក់
ឈ្មោះ Gregory Lemarchal ។ អ្នកចំរៀងរូបនេះមានសំលេងពិរោះ និងរឿងរ៉ាវជិវិត
ពុំគួរអោយជឿ។ Gregory Lemarchal ត្រូវបានមហាជនទូទៅចាប់អារម្មណ៍ និង
គាំទ្រ នៅពេលដែលយុវជនរូបនេះបានឈ្នះពានរង្វាន់លេខមួយក្នុងការប្រលង
ចំរៀង Star Academy ឆ្នាំ ២០០៤ ក្នុងកម្មវិធីទូរទស្សន៍ TF1។ កម្មវិធីនេះមិនខុស
គ្នាពីកម្មវិធី American Idol ប៉ុន្មានឡើយ។ Gregory Lemarchal បានបោះបង់ចោល
ការសិក្សាក្នុងអាយុ ១៥ ឆ្នាំ ដោយសារតែបញ្ហាសុខភាពពុំសូវអំណោយផល។
កាលពីអាយុ ១២ ខែ គ្រូពេទ្យបានរកឃើញជំងឺម៉្យាងឈ្មោះ Mucoviscidose
(ភាសាអង់គ្លេសហៅថា Cystic fibrosis) នៅក្នុងខ្លួនរបស់ Gregory Lemarchal ។
ជំងឺនេះជាប្រភេទជំងឺតំណពូជ ដែលមានលក្ខណៈរ៉ាំរ៉ៃពុំអាចព្យាលបាលបាន
ឡើយ។ និយាយរួម អ្នកជំងឺរង់ចាំតែសេចក្តីស្លាប់មកដល់ប៉ុណ្ណោះ ព្រោះជំងឺនេះធ្វើ
អោយប្រព័ន្ធសរីរាង្គកាយរបស់អ្នកជំងឺមិនអាចដំណើរការបាន និងមានបញ្ហា
ដង្ហើម។
ដើម្បីជំនះខ្លួនអោយរួចផុតពីការឈឺចុកចាប់នេះ Gregory Lemarchal ក៏បានសំរេច
ចិត្តហាត់ច្រៀង និងរាំ ដោយមានការអនុញ្ញាតិពីឪពុកម្តាយ និងគ្រូពេទ្យរបស់ខ្លួន។
ដោយសារមានទេពកោសល្យពីធម្មជាតិ Gregory Lemarchal បានទទួលជោគជ័យ
ក្នុងការប្រលងរាំ និងច្រៀងនៅតាមថ្នាក់តំបន់ស្រុកដែលខ្លួនរស់នៅ។ លើសពីនេះ
នៅឆ្នាំ ២០០៤ ការទទួលបានពានរង្វាន់ Star Academy របស់ Gregory Lemarchal
កាន់តែធ្វើអោយមហាជនភ្ញាក់ផ្អើលថែមទៀត។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ
សូម្បីតែ គ្រូពេទ្យផ្ទាល់ខ្លួនក៏មានការភ្ញាក់ផ្អើលផងដែរចំពោះសំលេងរបស់ Gregory
Lemarchal និងបានសន្និដ្ឋានថា សិល្បៈតន្ត្រីនេះហើយដែលបានបន្លំចិត្ត Gregory
Lemarchal អោយរស់បានយូរ។ ជាអកុសល Gregory Lemarchal បានស្លាប់នៅ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៧ ក្នុងអាយុ ២៣ ឆ្នាំ ដោយបានបន្សល់ទុកនូវអាល់ប៊ុម
ចំនួនបី និងការប្រគុំតន្ត្រីនៅទូទាំងប្រទេសបារាំង ប៊ែលហ្សិក និងស្វីស។
គ្រូសូត្រឆ្វេងចូលចិត្ត និងអាណិតស្រលាញ់អ្នកចំរៀងម្នាក់នេះណាស់។ ខាងក្រោម
នេះជាបទដែលគ្រូសូត្រឆ្វេងចូលចិត្ត។ សូមសាកស្តាប់ជាមុនសិនក៏បានមុននឹង
ទាញយកអាល់ប៊ុមទាំងបីរបស់ Gregory Lemarchal ។ ប្រសិនបើអ្នកណាមិនចូល
ចិត្តស្តាប់ ឬមិនចូលចិត្តចំរៀងបារាំង គ្រូសូត្រឆ្វេងក៏មិនហ៊ានថាអីដែរ ព្រោះថា
ចំណង់ចំណូលចិត្តរបស់មនុស្សយើងម្នាក់ៗតែងខុសគ្នា។ ម៉្យាងទៀត ជំរើសក្នុងការ
ស្តាប់ទៀតសោតក៏មានរាប់មិនចេះភ្លេចដែរ។
បទ Même si (What You’re Made of) នេះពិរោះណាស់។ Gregory Lemarchal
ច្រៀងជាមួយអ្នកចំរៀងអង់គ្លេសស្រីម្នាក់ឈ្មោះ Lucie Silvas។
បទ De temps en temps នេះរៀបរាប់ពីជិតវិតរបស់ Gregory Lemarchal ដែល
ពេលខ្លះអស់សង្ឃឹមក្នុងជីវិតរស់នៅ។
បទ SOS d’un terrien en détresse នេះនាំអោយយើងសួរខ្លួនឯងអំពីអត្ថិភាព
នៅលើផែនដីរបស់យើងថា ហេតុអ្វីបានជាយើងត្រូវរស់? ត្រូវស្លាប់? ត្រូវសើច?
ត្រូវយំ? ដូចអ្វីដែល Gregory Lemarchal ច្រៀងក្នុងវគ្គតំបូងនៃបទចំរៀង។
ប្រសិនបើមានអ្នកចាប់អារម្មណ៍សំលេងរបស់ Gregory Lemarchal សូមចុចលើ
តំណរបស់អាប៊ុមចំរៀងនិមួយៗ។
១- Je deviens moi (ឆ្នាំ២០០៥)
២-Olympia 06 (ឆ្នាំ២០០៦)
៣-La Voix d’Un Ange (ឆ្នាំ២០០៧)
មតិថ្មីៗ